love

love

ជម្រកជីវិត
សំណេរលោកពូ ថ្ងៃទី24-01-2020

ស្នេហាភេទ និង ស្នេហាតម្លៃ


មនុស្សច្រើនភាគរយខ្លាំងណាស់ ស្គាល់ច្បាស់តែអារម្មណ៍ស្រឡាញ់ភេទទេ តែគេមិនស្គាល់អារម្មណ៍ស្រឡាញ់តំលៃទេ។ ពេលព្រាត់គូភេទរបស់គេៗយំស្រែកខ្លាំងណាស់ ព្រោះបាត់អារម្មណ៍ដែលគេបានទទួលមកបំពេញការស្រេកឃ្លានភេទយ៉ាងខ្លាំងរបស់គេ តែពេលយូរទៅគេរសាយអារម្មណ៍ភេទទៅ គេអាចរៀបការថ្មីដើម្បីបំពេញអារម្មណ៍ភេទរបស់គេបាន។ អារម្មណ៍បានអ្វីមកបំពេញអារម្មណ៍ភេទនេះ ជាអារម្មណ៍អាត្មានិយមសុទ្ធ ជាការបំពេញអារម្មណ៍តែខ្លួនឯង បើទោះជាអោយដៃគូខ្លួននូវអ្វីមួយ នោះគឺពុំមែនចិត្តអោយ ឬការលះបង់ឡើយ គឺនៅតែជាអារម្មណ៍អាត្មានិយមតែដដែល មិនមែនជាសេចក្តីស្នេហាទេ តែចិត្តស្រឡាញ់គុណសម្បតិ្ត និងគុណធម៌ដែលមនុស្សហ្នឹងមាន ស្រឡាញ់ចិត្តលះបង់ដែលដៃគូខ្លួនមាននិងបានធ្វើចំពោះខ្លួន នោះជាចិត្តគោរព ចងចាំក្តីល្អរបស់ដៃគូខ្លួនដែលមានចំពោះខ្លួន ធ្វើការលះបង់ក៏យើងសប្បាយជាអារម្មណ៍បាន នៅពេលដែលបានទទួលការលះបង់របស់ដៃគូជីវិតក៏ខ្លួនបានកក់ក្តៅ ពេលព្រាត់ដៃគូខ្លួនទៅ មិនអាចយកមនុស្សថ្មីមកជំនួសបានទេ មានអារម្មណ៍ថាខុសឆ្គងនឹងមនសិការ នេះគឺស្នេហាតំលៃឬស្នេហាមនុស្ស។ ការព្រាត់បែបនេះ ហៅថាការព្រាត់ទៅទាំងតំលៃ។ ពេលដែលភាគីម្ខាងធ្វើអោយប៉ះពាល់តម្លៃ ប៉ះពាល់អ្វីដែលយើងធ្លាប់គោរព ក្នុងចិត្តយើងអន់ចិត្តខ្លាំងណាស់ ៗៗៗតើទៅមានចិត្តឯណាចង់រួមភេទនោះ នេះគឺអារម្មណ៍ស្រឡាញ់តម្លៃ គោរពតម្លៃ នេះជាសេចក្តីស្នេហារបស់មនុស្ស មានអារម្មណ៍ភេទដែរ តែអារម្មណ៍ភេទនេះត្រូវនៅក្រោមអារម្មណ៍តម្លៃ។ អារម្មណ៍ស្រឡាញ់តម្លៃ គោរពតម្លៃគឺជាអារម្មណ៍កក់ក្តៅខុសពីអារម្មណ៍ភេទដែលជាអារម្មណ៍រោលរាល ពេលដែលបានបំពេញអារម្មណ៍រោលរាលនេះ មានអារម្មណ៍សុខស្រួលដែរ តែមិនមែនជាអារម្មណ៍កក់ក្តៅដែលជាអារម្មណ៍ស្កប់ស្កល់ពេញមួយជីវិតរបស់មនុស្សទេ។

អារម្មណ៍កក់ក្តៅ ជាអារម្មណ៍ស្កប់ស្កល់ កើតពីការពាល់ត្រូវការលះបង់ ពីមនោសញ្ចេតនារួមគ្នាយូរលង់ ដៃអោបត្រកង ចិត្តត្របាញ់រក។

ទោះនៅទីណា ដឹងថាខ្លួនមាន ទីដ៏សុខសាន្ត សម្រាប់ពួនជ្រក ចិត្តនៅតែស្កប់ ពេលដែលនឹកភ្នក ទៅដល់ជម្រកដែលខ្លួនមាននោះ។


ចំណាំ: សូមរំលឹកថាមនុស្សស្រីទាំងឡាយ បើខ្លួនត្រូវការមានជម្រកកក់ក្តៅក្នុងជីវិត ត្រូវពិនិត្យខ្លួនឯង កុំយកគ្រឿងភេទមកទាក់បុរស ព្រោះគ្រឿងភេទមិនទាក់បានចិត្តមនុស្សប្រុសដែលលះបង់ព្រោះតម្លៃទេ ហើយត្រូវសម្គាល់ថាមនុស្សប្រុសដែលចូលមករកមនុស្សស្រីក្នុងអារម្មណ៍ភេទមិនផ្តល់អោយនូវការលះបង់ដែលជាជម្រកដ៏កក់ក្តៅនៃជីវិតទេ បើដឹងយ៉ាងដូច្នេះហើយ ហេតុអ្វីមនុស្សស្រីត្រូវរៀបតុបតែងខ្លួនដើម្បីទាក់ទាញអារម្មណ៍ភេទរបស់មនុស្សប្រុស? ចិត្តទាមទារតែម្យ៉ាង ទាមទារនូវអារម្មណ៍កក់ក្តៅក្នុងជីវិតគឺជាអារម្មណ៍ទាមទារសុទ្ធសាធ មិនសក្តិសមទទួលបានអារម្មណ៍ផ្តល់អោយពីមនុស្សប្រុសទេ។ ត្រូវត្រួតពិនិត្យមើលចិត្តខ្លួនឯងថាតើខ្លួនជាមនុស្សមានចិត្តផ្តល់អោយមិនត្រឹមគូស្នេហ៍របស់ខ្លួនទេ ហើយជាមនុស្សចេះដឹងគុណនៅពេលដែលខ្លួនបានទទួលការផ្តល់អោយទៀតផង ប្រយ័ត្នអោយមែនទែន មនុស្សស្រីងាយកើតអារម្មណ៍មោទនភាព អារម្មណ៍ឡើងចាង អារម្មណ៍ថាខ្លួនឯងគ្រាន់បើ នៅពេលដែលខ្លួនបានដៃគូប្រុសជាមនុស្សមានចិត្តជាអ្នកផ្តល់អោយ ក្នុងករណីនេះ អារម្មណ៍ដែលត្រឹមត្រូវ គឺត្រូវជាអារម្មណ៍ដឹងគុណ បើមានចិត្តដឹងគុណ គឺគ្មានចិត្តម្ញិកម្ញក់ដើម្បីទាញយកចិត្តទុកដាក់របស់ដៃគូជីវិតរបស់ខ្លួនទេ។


ត្រូវចំណាំថាមនុស្សដែលមានចិត្តផ្តល់អោយគឺជាប្រភេទមនុស្សដែលមានចិត្តទូលាយណាស់ គឺមិនមែនទូលាយដោយគិតត្រឹមតែគូស្នេហ៍របស់ខ្លួនទេ គឺចិត្តទូលាយចំពោះមនុស្សទូទៅ បើខ្លួនចង់ទទួលបានភាពកក់ក្តៅក្នុងជីវិត ត្រូវចាំថាគឺមនុស្សចិត្តធំ ឬចិត្តទូលាយ ចេះគិតចេះខ្វល់ពីរឿងគេក្នុងទំហំណា គឺចិត្តគេក៏ធំទូលាយក្នុងទំហំហ្នុងដែរ ហើយគេអាចផ្តល់នូវជម្រកនៃភាពកក់ក្តៅក្នុងជីវិតធំទូលាយកម្រិតនោះដែរ។ មិនអាចទាល់តែសោះ ចង់បានមនុស្សចិត្តទូលាយផ្តល់ភាពកក់ក្តៅក្នុងជីវិត តែផ្តល់អោយតែខ្លួន សួរខ្លួនឯងមើល តើខ្លួនអាងអី ខ្លួនមានគុណសម្បត្តិអីដើម្បីអោយមនុស្សប្រុសចិត្តទូលាយម្នាក់ផ្តល់ភាពកក់ក្តៅមកតែខ្លួន? គឺអាងមនុស្សប្រុសមានអារម្មណ៍ភេទលើខ្លួនឬ? មនុស្សប្រុសដែលអាចមានអារម្មណ៍ធម្មតាជាមួយមនុស្សស្រីដែលមានចិត្តបែបនេះ គឺមនុស្សប្រុសថោកទាបដូចគ្នា តើមនុស្សប្រុសថោកទាបម្នាក់អាចមានចិត្តផ្តល់អោយជាជម្រកដល់មនុស្សស្រីដែឬទេ? ហើយបើមនុស្សប្រុសដែលមានចិត្តចង់តែផ្តល់អោយនូវភាពកក់ក្តៅដល់ដៃគូខ្លួួនតែម្នាក់បែបនេះ គឺជាមនុស្សចិត្តតូចណាស់ មិនមែនជាមនុស្សចិត្តទូលាយទេ បើមិនមែនជាមនុស្សចិត្តទូលាយផង តើអាចអោយគេផ្តល់ភាពកក់ក្តៅក្នុងជីវិតដៃគូបានដែរឬទេ? មនុស្សស្រីដែលមានចិត្តទូលាយ មិនអាចរួមរស់នៅជាមួយមនុស្សប្រុសចិត្តតូចទេ ហើយមនុស្សប្រុសចិត្តទូលាយក៏មិនអាចរួមរស់នៅជាមួយមនុស្សស្រីចិត្តតូច ចិត្តចង្អៀតបានដែរ ដូច្នេះចង់បានដៃគូជាមនុស្សផ្តល់ជម្រកកក់ក្តៅក្នុងជីវិតខ្លួន ត្រូវសម្លឹងមើលខ្លួនថាតើខ្លួនមានគុណសម្បត្តិទាក់ទាញបានចិត្តបែបនេះបានដែរឬទេ? អ្វីដែលមនុស្សធម្មតាតំរូវឬទាមទារអោយដៃគូជីវិតមានចំពោះខ្លួន សំរាប់មនុស្សមានតំលៃ វាគ្រាន់តែជាលក្ខខណ្ឌទេ បើភាគីម្ខាងធ្វើមិនបានឬដៃគូជីវិតខ្លួនគ្មាន គឺត្រូវតែលែងលះគ្នាហើយ មិនអាចរួមរស់នឹងគ្នាបានទេ ព្រោះមិនមែនជាចិត្តទាមទារឡើយ។

Report Page