Dharma

Dharma

SreyMean Heang

កាមតណ្ហា សភាពចិត្តដែលសប្បាយជាប់ក្នុងកាមក៏ជាគ្រឿងរារាំងមួយយ៉ាងធំសម្រាប់ការយល់ធម៌ គេនិយាយពន្យល់ធម៌ដែលជាដំណើរពិតដែលមនុស្សចាំបាច់ត្រូវតែយល់ ប៉ុន្តែសភាពចិត្តដែលងប់ងុលសប្បាយវក់វីក្នុងកាម ចិត្តនោះមិនចង់ស្តាប់ មិនចង់លឺការពន្យល់ទាំងអស់នោះឡើយ។ គេនិយាយថាវាគឺជាសភាពចិត្តដែលជាប់ជំពាក់ក្នុងកាមទេដែលចិត្តនោះមានអារម្មណ៍ថាកាមសំខាន់ណាស់នោះ ការពិតវាពុំមានតម្លៃស្មើនឹងការហូបបាយផង អត់កាមមិនងាប់ទេ ប៉ុន្តែអត់បាយងាប់ នេះជាដំណើរពិត នេះជារឿងពិត តែពាក្យប៉ុណ្ណឹងយើងស្តាប់មិនយល់ មិនព្រមទទួលស្គាល់ថាហ្នឹងជារឿងពិត តើចិត្តយើងទៅយល់ធម៌ដែលជាដំណើរពិតវែងឆ្ងាយយ៉ាងម៉េចទៅកើត។ ចិត្តអាចយល់ធម៌បានលុះត្រាតែចិត្តនោះគ្មានអញ ស្តើងអញកម្រិតណា ចិត្តនោះនឹងងាយយល់ធម៌កម្រិតហ្នុង។ ចិត្តខ្លះស្តាប់យើងនិយាយទៅ ម្ចាស់ចិត្តគេថា គេយល់ហើយ តាមពិតវាគ្រាន់តែជាពាក្យដែលបានរត់កាត់ខួរក្បាលគេប៉ុណ្ណោះ ប៉ុន្តែគេមិនបានជ្រាបអត្ថន័យនៃពាក្យនោះទេ ហើយក៏មិនបានជាមូលដ្ឋានសម្រាប់ចិត្តរបស់គេពិចារណាឡើយ ដូច្នេះដំណើរធម្មជាតិដទៃទៀតចេះតែកន្លងហួសពីខួរក្បាលគេតែរហូត ចិត្តរបៀបនេះម្តេចអាចយល់ដំណើរធម្មជាតិបានទៅ។ រឿងកាមនេះមិនមែនជារឿងលែងសើចតិចតួចរបស់ចិត្តនោះទេ ។ ចិត្តមនុស្សឈ្លោះកាប់ចាក់គ្នារាល់ថ្ងៃរហូតបាត់ដីបាត់ប្រទេស ក៏ដោយសារចិត្តជំពាក់នឹងកាមនេះដែរ។ ការពិតសេចក្តីត្រូវការកាមជាសេចក្តីត្រូវរបស់រាងកាយទេ មិនមែនជាសេចក្តីត្រូវរបស់ចិត្តដែលពេលស្លាប់អត្ថិភាពជាមនុស្សទៅ ចិត្តបានធ្វើដំណើរចាកចោលរូបកាយដោយមិនបានស្ពាយយកអារម្មណ៍កាមដែលជាអារម្មណ៍ទាមទាររបស់រាងកាយទៅជាមួយឡើយ។ ត្រង់នេះពូចង់ពន្យល់ប្រាប់ក្មួយថាយើងគឺចិត្តដូច្នេះត្រូវមានអារម្មណ៍បែងចែកអោយដាច់ស្រឡះអ្វីជាអារម្មណ៍ដែលរាងកាយត្រូវការ និងអ្វីដែលជាអារម្មណ៍របស់ចិត្តត្រូវការ។ កាយត្រូវការអារម្មណ៍កាម កាមសញ្ញា កាយត្រូវការស៊ីគឺអាហារសញ្ញា ហើយទីបីគឺកាយខ្លាចស្លាប់គឺជីវិតសញ្ញា ទាំងបីនេះគឺជាអារម្មណ៍របស់កាយទេ មិនមែនជាអារម្មណ៍របស់ចិត្តឡើយ។ បើក្នុងរូបកាយនោះជាចិត្តរបស់សត្វក្នុងថ្នាក់ខ្ពស់ នោះអារម្មណ៍ទាំងបីរបស់កាយត្រូវចិត្តសម្គាល់ដឹងយ៉ាងច្បាស់។ ឧទាហរណ៍លឺគេនិយាយថា មនុស្សស្រីយើងត្រូវចេះធ្វើខ្លួនអោយស្អាតដើម្បីទាក់ទាញអោយប្តីនៅផ្ទះ លឺភ្លាមចិត្តសត្វក្នុងថ្នាក់ខ្ពស់ខ្ទាស់ភ្លាម នឹកគិតក្នុងចិត្តថា បើគូស្នេហ៍របស់យើងមានចិត្តគិតថាបើខ្លួនប្រាណរបស់យើងចុះសម្ភស្ស នោះស្វាមីខ្លួនមានចិត្តទៅរកអ្នកក្រៅ ចិត្តយើងអោយទៅភ្លាមគ្មានប្រឹងធ្វើខ្លួនអោយស្អាតដើម្បីទាក់ប្តីអោយនៅជាមួយខ្លួនស្អីទេ បើលឺពាក្យនេះ ឬសង្កេតចិត្តរបស់ប្តីខ្លួនថាមានចិត្តបែបហ្នឹង មិនបាច់និយាយគ្នាច្រើនទេ អោយមានចិត្តតុបតែងខ្លួនដើម្បីអោយប្តីនៅជាមួយខ្លួន ឬតាមឃ្វាលប្តីគឺអត់ដាច់ខាត មានតែលែងគ្នាតែម្តងទៅ។ នេះគឺចិត្តសត្វថ្នាក់ខ្ពស់ ដឹងសញ្ញារបស់កាយ និងសញ្ញារបស់ចិត្តច្បាស់លាស់ក្នុងមនោរម្មណ៍ខ្លួន ហើយស៊ូទ្រាំនឹងការដឹងថាខ្លួនថោកទាបមិនបានទេ ក្នុងករណីនេះអារម្មណ៍ដឹងថាខ្លួនថោកទាប ខំតែងខ្លួនដើម្បីអោយគេនៅជាមួយ ខំផ្គាប់ផ្គុនអោយគេនៅជាមួយ ខំសំញែងលុយកាក់អោយគេនៅជាមួយ ក្តាប់លុយអោយជាប់អោយគេនៅជាមួយ អង្វរលួងលោមគេអោយគេនៅជាមួយ ធ្វើល្បិចកល់អោយគេព្រមនៅជាមួយជាដើម គឺក្នុងមនោរម្មណ៍ស៊ូមិនបាននឹងការដឹងនេះទេ ចេះតែមានអារម្មណ៍ថាខ្លួនធ្វើអំពើថោកទាបណាស់ បើគេចង់ទៅ ត្រូវតែអោយគេទៅ ទាក់គេអោយនៅតាមរបៀបខាងលើនេះ ខ្លួនគ្មានអារម្មណ៍កក់ក្តៅក្នុងជីវិតទេ គឺបែងចែកបានអារម្មណ៍កក់ក្តៅដែលបានទទួលពីការផ្តល់អោយដោយក្តីសណ្តោសដែលនាំចិត្តខ្លួនអោយគោរព និងអារម្មណ៍ភេទដែលជាអារម្មណ៍សត្វយ៉ាងច្បាស់លាស់។ ចិត្តរបៀបនេះគឺជាចិត្តដែលមិនជាប់ជំពាក់ក្នុងកាមឡើយថ្វីត្បិតតែមានការរួមភេទជារឿងធម្មតារបស់ជីវិតជាមនុស្ស តែសញ្ញារបស់ចិត្តខ្លួន នៅតែជាសញ្ញាចិត្តសត្វក្នុងថ្នាក់ខ្ពស់ដែលអាចបែងចែកអារម្មណ៍កាមរបស់កាយ និងអារម្មណ៍ចិត្តដែលជាចិត្តសត្វក្នុងថ្នាក់ខ្ពស់បានតែដដែលហ្នឹង។ មនុស្សសព្វថ្ងៃលែងស្គាល់ថាអ្វីទៅជាសេចក្តីស្នេហា យកអារម្មណ៍ភេទមកនិយាយថាជាក្តីស្នេហាទៅហើយ អ្នកខ្លះមិនមែនអារម្មណ៍ភេទទេតែក៏នៅតែជាអារម្មណ៍សត្វគឺអារម្មណ៍ចង់ពឹងគេព្រោះគេមានទ្រព្យសម្បត្តិជាងខ្លួន រៀបការជាមួយគេទៅខ្លួនបានខ្ពស់មុខខ្ពស់មាត់ដោយសារគេ ។ល។ នេះមិនមែនជាក្តីស្នេហារបស់សត្វក្នុងថ្នាក់ខ្ពស់ឡើយ តែពូសូមនិយាយសង្ខេបដោយខ្លីត្រឹមប៉ុណ្ណេះ ព្រោះពូចង់និយាយតែពីអារម្មណ៍កាមតណ្ហាដែលធ្វើអោយចិត្តមនុស្សវក់វីមិនអាចស្តាប់យល់ធម៌បានតែប៉ុណ្ណោះ។ ចំពោះចិត្តមនុស្សក្នុងសម័យកាលកម្លាំងរមូរខ្លាំងនេះ អារម្មណ៍កាមមានសភាពខ្លាំងក្លាណាស់ កាប់ចាក់គ្នា ពុករលួយ ក្បត់ប្រពន្ធ ផិតប្តី អស់ទឹកអស់ដីព្រោះតែអារម្មណ៍កាមនេះ។ ហ្វូងចិត្តសត្វដែលនៅវក់វីក្នុងអារម្មណ៍កាមនេះមិនងាយនឹងអាចយល់ធម៌បានទេព្រោះចិត្តសត្វដែលសប្បាយវក់វីនឹងអារម្មណ៍កាមនេះជាចិត្តសត្វក្នុងថ្នាក់ទាបណាស់។ នេះគឺកាមតណ្ហា៕

ផ្លូវជីវិតៈ


ដើម្បីអោយវិញ្ញាណអ្នកដឹងថាជីវិតអ្នកត្រូវរស់បែបណា អ្នកត្រូវសិក្សាគិតអោយយល់ដឹងដោយវិញ្ញាណរបស់អ្នក មិនមែនធ្វើតាមអ្នកណាម្នាក់ នោះគឺវិញ្ញាណអ្នកគ្មានសទ្ធាជ្រះថ្លាក្នុងរឿងផ្លូវជីវិតនោះទេ។ 

  -ទីមួយៈ អ្នកត្រូវគិតអោយយល់ឃើញដោយខ្លួនឯងថា តើជីវិតអ្នកងាប់ហើយចប់ ឬជីវិតងាប់ហើយកើតមកវិញ ឬជីវិតបែកតែសំបកខាងក្រៅទេ ហើយវិញ្ញាណដែលជាអ្នកអត់មានស្លាប់ទេ គឺវាបន្តដំណើរទៅមុខទៀត ហើយបើវាបន្តដំណើរទៅមុខ តើវាបន្តយ៉ាងម៉េច បន្តដោយរបៀបណា? សូមគិតអោយយល់ឃើញដោយវិញ្ញាណអ្នកផ្ទាល់ មិនត្រូវជឿអ្នកណាម្នាក់ឡើយ។ 

 -ទីពីរៈ ជីវិតវាចាប់ផ្តើមដោយរបៀបម៉េច ទើបអ្នកដឹងថាត្រូវដោះស្រាយបញ្ហាគឺដឹងថាវាផ្តើមដោយរបៀបណាទើបអ្នកដឹងថាបញ្ចប់បញ្ហាជីវិតដោយរបៀបណា គិតមើលអញ្ចឹងមែនឬមិនមែន?

- ទីបីៈ បើដឹងថាជីវិតផ្ដើមមកដោយបែបណាមួយហើយ នោះអ្នកត្រូវបញ្ចប់បញ្ហាទាំងអស់ក្នុងជីវិតដោយរបៀបណាទៅហើយនោះ អ្នកនឹងគិតឃើញថាពីចំណុចចាប់ផ្ដើមទៅចំណុចបញ្ចប់នៃបញ្ហាជីវិតគឺជាចម្ងាយផ្លូវមួយ ដូច្នេះក្នុងដំណើរទៅបញ្ចប់បញ្ហាលើចម្ងាយផ្លូវនោះ អ្នកនឹងដឹងពីរបៀបដ៏ត្រឹមត្រូវនៃដំណើរទៅបញ្ចប់បញ្ហា មិនមែនទៅបង្កើតបញ្ហាបន្ថែមទេ។ ក្នុងចំណុចទីមួយៈ ក្មួយៗត្រូវគិតអោយវិញ្ញាណរបស់ក្មួយដឹងក្នុងជម្រៅវិញ្ញាណថា ជីវិតបែកតែសំបកកាយទេ ចំណែកវិញ្ញាណដែលជាក្មួយពិតប្រាកដត្រូវបន្តដំណើរទៅរកសំបកថ្មី។ ពីមួយជាតិ ទៅមួយជាតិវាអាចទៅជានរក ទៅជាប្រេត ទៅជាតិរច្ឆាន ទៅជាមនុស្ស ទៅជាទេវតា ឬព្រះព្រហ្មជាដើម មិនមែនស្លាប់ហើយកើតទេ គឺបែកសំបកមួយវិញ្ញាណទៅរកសំបកថ្មីមួយទៀត។ ចំណុចទីមួយនេះសំខាន់បំផុតគឺក្មួយត្រូវគិតអោយវិញ្ញាណរបស់ក្មួយដឹងថាវិញ្ញាណរបស់សត្វរួមទាំងវិញ្ញាណក្មួយផងត្រូវធ្វើដំណើរក្នុងផ្លូវបែបនេះ ដែលយើងហៅថាវាលវដ្ដសង្សារ។ ចំណុចនេះសំខាន់ណាស់គឺត្រូវយល់អំពីកម្លាំង ឬកម្មដែលបង្កើតលោកនោះណា។ ក្នុងចំណុចទីពីរៈ ក្មួយៗត្រូវគិតអោយវិញ្ញាណដឹងថាជីវិតសត្វទាំងអស់ផ្ដើមដោយអវិជ្ជាគឺខ្សែកម្លាំងសោះប្រែទៅជាខ្សែដឹងឆ្វាក់ជាឆ្អឹងកង ហើយបង្កើតទៅជាសត្វទៅ នេះគឺអវិជ្ជា។ បើជីវិតផ្ដើមមានឡើងដោយអវិជ្ជាឬការដឹងច្រឡំ ដូច្នេះសេចក្ដីបញ្ចប់របស់វាដែលត្រឹមត្រូវគឺត្រូវតែដោះស្រាយធ្វើអោយលែងដឹងច្រឡំ។ លែងដឹងច្រឡំគឺព្រះអរហន្ត ត្រូវច្បាស់ក្នុងអារម្មណ៍ថាវាគ្មានសត្វមួយបានទៅសោយសុខក្នុងឋាននិព្វានស្អីហ្នុងទេ គឺពីច្រឡំថាខ្លួនឯងជាសត្វទៅបញ្ចប់ដោយជោគជ័យគឺដឹងខ្លួនត្រឹមត្រូវថាខ្លួនជាកម្លាំងទេ នេះគឺនិព្វាន។ ចំណែកក្នុងចំណុចទីបីគឺចម្ងាយផ្លូវពីអវិជ្ជាទៅព្រះនិព្វាន ឬពីដឹងខ្លួនច្រឡំថាជាសត្វទៅដឹងត្រឹមត្រូវថាជាកម្លាំងអស់អារម្មណ៍ជាសត្វ វាគឺជាចម្ងាយផ្លូវមួយដែលយើងហៅថាវាលវដ្ដសង្សារដូច្នេះដំណើរត្រូវគឺស្រាលទៅៗ ស្រាយទៅៗ ស្រាយចំណងកាន់តែអស់ទៅៗ មិនមែនកាន់តែចងទៅៗ ពពាក់ពពូនទៅៗរកមុខរកបាតមិនឃើញនោះទេ។ ក្មួយមើលតាមភ្នែកមនោរបស់ក្មួយទៅ សត្វសព្វថ្ងៃនេះមានដំណើរស្រាយទៅៗ ឬចងណែនទៅៗ? នេះហើយសត្វ។ ធម៌បីយ៉ាងត្រូវធ្វើច្បាស់លើផ្លូវអារម្មណ៍របស់ក្មួយគឺៈ ទីមួយ ធម្មជាតិទាំងអស់មានលក្ខណៈអនិច្ចំ ទុក្ខំ និងអនត្តា ត្រៃលក្ខណ៍ធម៌។ វាត្រូវតែអនិច្ចំ គឺត្រូវតែប្រែប្រួលព្រោះអ្វីៗទាំងអស់លើលោកនេះកើតមកពីកម្លាំងវិលនៃកលាបៈ កម្លាំងប្រែប្រួលដូច្នេះវាត្រូវតែអនិច្ចំអញ្ចឹងហើយ។ ចំណែកទុក្ខំ និយាយអោយវិញ្ញាណក្មួយឆាប់ចាប់បានគឺថាងាប់ របស់ទាំងអស់វាងាប់ មនុស្សសត្វងាប់ ដើមឈើងាប់ ផ្ទះថ្ម ផ្ទះឈើ ឡាន របស់ទាំងអស់គឺទ្រាំនៅជាសភាពរបស់វាដដែលមិនបានទេ លក្ខណៈទុក្ខំខុសពីអនិច្ចំត្រង់វាប្រែប្រួលទៅរកបែកធ្លាយ ចុងក្រោយគឺបែកធ្លាយ អញ្ចឹងហើយបានជាពូនិយាយថាងាប់។ ចំណែកអនត្តាគឺគ្មានសត្វសោះនៅលើលោកនេះ តែសត្វវាដឹងច្រឡំទេថាខ្លួនវាជាសត្វ វាច្រឡំថាថាវាជាអត្តា តាមការពិតគឺអនត្តាទេ។ ធម៌ទីពីរ គឺអដ្ឋង្គិកមគ្គដំណើរជីវិតត្រូវ ផ្ដើមដោយសម្មាទិដ្ឋិគឺការយល់ដឹងត្រូវថាខ្លួនជាកម្លាំងទេ អនត្តាទេ ទើបជាសម្មាទិដ្ឋិគឺការដឹងត្រូវ។ ផ្ដើមចេញពីអង្គទីមួយនេះត្រូវ ទើបអង្គបន្តបន្ទាប់នោះត្រូវបាន ហើយបញ្ចប់អង្គទី៨ត្រូវគឺសម្មាសមាធិ នេះគឺវិបស្សនា អត់មានសម្មាទិដ្ឋិផង តើសម្មាសមាធិ ឬវិបស្សនាត្រូវយ៉ាងម៉េច? គឺមិនអាចទេ។ អង្គទី៨នេះគឺអង្គរួចរំដោះផុតសត្វ ផុតអវិជ្ជាគឺព្រះអរហន្ត គឺនិព្វាននោះឯង ក្មួយៗត្រូវគិតអោយយល់ អោយវិញ្ញាណរបស់ក្មួយដឹងនូវផ្លូវជីវិត ឬអដ្ឋង្គិកមគ្គនេះ ត្រូវគិតអោយយល់ថាបើអារម្មណ៍ដឹងខុសនូវអង្គទីមួយហើយ មិនបាច់ទៅនិយាយអំពីភាពត្រឹមត្រូវនូវអង្គបន្តបន្ទាប់ស្អីនោះទេ តើក្មួយៗគិតយល់ត្រង់ចំណុចនេះទេ? បើវិញ្ញាណក្មួយៗគិតយល់ គឺវិញ្ញាណក្មួយដឹងខ្ពស់ណាស់ មានប្រយោជន៍ខ្លាំងណាស់សម្រាប់វិញ្ញាណក្មួយ មនុស្សស្ទើរទទាំងពិភពលោកមិនដឹងរឿងនេះទេ សូម្បីតែព្រះសង្ឃនាសម័យឥលូវនេះក៏គ្មានមួយអង្គណាពាល់ត្រូវជាអារម្មណ៍នូវអង្គទីំមួយនៃអដ្ឋង្គិកមគ្គគឺសម្មាទិដ្ឋិនេះផង អញ្ចឹងហើយទើបពូថាបើវិញ្ញាណក្មួយពាល់ត្រូវគឺក្មួយគិតរហូតដល់អណ្ដែតលើផ្លូវអារម្មណ៍នូវពាក្យសម្មាទិដ្ឋិនេះ គឺព្រះពុទ្ធចង់ប្រាប់សត្វថាម៉េចនោះ គឺវិញ្ញាណក្មួយពាល់ត្រូវធម៌ជ្រៅខ្លាំងណាស់ គឺវិញ្ញាណសត្វដែលបានស្ដាប់ធម៌ដែលព្រះពុទ្ធបានសម្ដែងនោះទៀតផង។ ចំណែកឯធម៌ទីបីគឺបដិច្ចសមុប្បាទធម៌ អវិជ្ជាបច្ចយា សង្ខារា ព្រោះតែដឹងច្រឡំ ចិត្តសត្វចេះតែធ្វើប្រតិកម្មមិនឈប់ឈរជាសុខវេទនា និងជាទុក្ខវេទនាចំពោះអ្វីៗដែលមកប៉ះខ្សែវិញ្ញាណតាមទ្វារវិញ្ញាណទាំង៦ របៀបនេះគឺសង្ខារ សង្ខារប្បច្ចយា វិញ្ញាណំ សង្ខារបង្កើតវិញ្ញាណថ្មីសម្រាប់បង្កើតជាឆ្អឹងកងសត្វនៅក្នុងជាតិបន្ទាប់ មានន័យថាជីវិតមិនត្រូវបញ្ចប់ត្រឹមជីវិតជាតិនេះទេ គឺត្រូវវិលកើតជាកំណើតជាតិថ្មីទៀតហើយ វិញ្ញាណប្បច្ចយា នាមរូបំ អោយតែមានវិញ្ញាណគឺនាម និងរូប នាមគឺចិត្តដែលនៅក្នុងខន្ធទាំងបួនរបស់ចិត្តមានខន្ធមួយជាវិញ្ញាណគឺវិញ្ញាណក្ខន្ធ។ នេះគឺជីវិតកើតទៀតហើយ។ ពូសូមសង្ខេបត្រឹមនាមរូបចុះ ហើយធម៌ប្រដេញគ្នាចេះតែកើតបន្តបន្ទាប់គ្នារហូតដល់ជរា ព្យាធិ មរណៈ នេះគឺកងទុក្ខរបស់សត្វ។ តើវិញ្ញាណរបស់ក្មួយគិតយល់នូវធម៌នេះទេ? វាមានប្រយោជន៍ខ្លាំងណាស់ដល់វិញ្ញាណក្មួយៗសម្រាប់ដំណើរទៅកាន់គោលដៅគឺព្រះនិព្វាននៃវិញ្ញាណរបស់ក្មួយៗ។ វាជាវាលវដ្ដសង្សារណាក្មួយ រយលានផែនដីណាក្មួយ ជាផ្លូវធ្វើដំណើរដ៏វែងឆ្ងាយណាស់ក្មួយអើយ គ្មានអ្នកណាអាចជួយអ្នកណាបានទេ។ សត្វលោកទាំងអស់ត្រូវគិតអោយយល់ដោយខ្លួនឯង មិនមានអ្នកណាម្នាក់ក្នុងលោករួមទាំងព្រះពុទ្ធផងអាចជួយសត្វបានទេ គឺមានតែសត្វខ្លួនឯងដែលអាចជួយខ្លួនឯងបាន សត្វលោកទាំងអស់មានកម្មជារបស់ខ្លួន។ បើសត្វណាគិតសំណេរនេះរបស់ពូហើយយល់ អណ្ដែតការយល់អត្ថន័យនៃការពន្យល់នេះទាំងស្រុងលើផ្លូវអារម្មណ៍គេនោះ សត្វនោះបានសម្រេចសោតាបន្នហើយ ពេលផុតកំណើតជាមនុស្សត្រូវយោងកំណើត ឬត្រូវយកសំបកជាសត្វព្រហ្មមានរូប រូបព្រហ្មលើគេនាឋានព្រហ្មសុទ្ធាវាសនោះហើយណាក្មួយ។ ខ្សែវិញ្ញាណដែលគិតយល់នូវធម៌ដែលពូពន្យល់ក្នុងអត្ថបទនេះ ជាខ្សែវិញ្ញាណល្អិតណាស់ វាត្រូវនឹងសភាពកម្លាំងនៅចុងកម្លាំងធាតុគឺជាកម្លាំងបង្កើតវិញ្ញាណសត្វនៅឋានសុទ្ធាវាសនោះឯង។ សូមក្មួយៗអានហើយគិតពិចារណាអោយវិញ្ញាណក្មួយយល់ ហើយបើបានយល់ទោះក្មួយៗធ្វើការងារអ្វីក៏ដោយ និយាយលេងសើចអ្វីក៏ដោយ ប្រាស្រ័យទាក់ទងនឹងអ្នកណាក៏ដោយ។ ល។ ចេះតែគិតក្នុងអារម្មណ៍តែម្នាក់ឯងអោយធម៌ទាំងនេះកាន់អណ្ដែតច្បាស់ឡើងៗក្នុងផ្លូវអារម្មណ៍ណាក្មួយ។ សូមក្មួយៗរីករាយនឹងសំណាងនៃជីវិតយល់ធម៌របស់ក្មួយណាក្មួយ៕




Report Page