DHARMA

DHARMA

SreyMean Heang

កាមតណ្ហា សភាពចិត្តដែលសប្បាយជាប់ក្នុងកាមក៏ជាគ្រឿងរារាំងមួយយ៉ាងធំសម្រាប់ការយល់ធម៌ គេនិយាយពន្យល់ធម៌ដែលជាដំណើរពិតដែលមនុស្សចាំបាច់ត្រូវតែយល់ ប៉ុន្តែសភាពចិត្តដែលងប់ងុលសប្បាយវក់វីក្នុងកាម ចិត្តនោះមិនចង់ស្តាប់ មិនចង់លឺការពន្យល់ទាំងអស់នោះឡើយ។ គេនិយាយថាវាគឺជាសភាពចិត្តដែលជាប់ជំពាក់ក្នុងកាមទេដែលចិត្តនោះមានអារម្មណ៍ថាកាមសំខាន់ណាស់នោះ ការពិតវាពុំមានតម្លៃស្មើនឹងការហូបបាយផង អត់កាមមិនងាប់ទេ ប៉ុន្តែអត់បាយងាប់ នេះជាដំណើរពិត នេះជារឿងពិត តែពាក្យប៉ុណ្ណឹងយើងស្តាប់មិនយល់ មិនព្រមទទួលស្គាល់ថាហ្នឹងជារឿងពិត តើចិត្តយើងទៅយល់ធម៌ដែលជាដំណើរពិតវែងឆ្ងាយយ៉ាងម៉េចទៅកើត។ ចិត្តអាចយល់ធម៌បានលុះត្រាតែចិត្តនោះគ្មានអញ ស្តើងអញកម្រិតណា ចិត្តនោះនឹងងាយយល់ធម៌កម្រិតហ្នុង។ ចិត្តខ្លះស្តាប់យើងនិយាយទៅ ម្ចាស់ចិត្តគេថា គេយល់ហើយ តាមពិតវាគ្រាន់តែជាពាក្យដែលបានរត់កាត់ខួរក្បាលគេប៉ុណ្ណោះ ប៉ុន្តែគេមិនបានជ្រាបអត្ថន័យនៃពាក្យនោះទេ ហើយក៏មិនបានជាមូលដ្ឋានសម្រាប់ចិត្តរបស់គេពិចារណាឡើយ ដូច្នេះដំណើរធម្មជាតិដទៃទៀតចេះតែកន្លងហួសពីខួរក្បាលគេតែរហូត ចិត្តរបៀបនេះម្តេចអាចយល់ដំណើរធម្មជាតិបានទៅ។ រឿងកាមនេះមិនមែនជារឿងលែងសើចតិចតួចរបស់ចិត្តនោះទេ ។ ចិត្តមនុស្សឈ្លោះកាប់ចាក់គ្នារាល់ថ្ងៃរហូតបាត់ដីបាត់ប្រទេស ក៏ដោយសារចិត្តជំពាក់នឹងកាមនេះដែរ។ ការពិតសេចក្តីត្រូវការកាមជាសេចក្តីត្រូវរបស់រាងកាយទេ មិនមែនជាសេចក្តីត្រូវរបស់ចិត្តដែលពេលស្លាប់អត្ថិភាពជាមនុស្សទៅ ចិត្តបានធ្វើដំណើរចាកចោលរូបកាយដោយមិនបានស្ពាយយកអារម្មណ៍កាមដែលជាអារម្មណ៍ទាមទាររបស់រាងកាយទៅជាមួយឡើយ។ ត្រង់នេះពូចង់ពន្យល់ប្រាប់ក្មួយថាយើងគឺចិត្តដូច្នេះត្រូវមានអារម្មណ៍បែងចែកអោយដាច់ស្រឡះអ្វីជាអារម្មណ៍ដែលរាងកាយត្រូវការ និងអ្វីដែលជាអារម្មណ៍របស់ចិត្តត្រូវការ។ កាយត្រូវការអារម្មណ៍កាម កាមសញ្ញា កាយត្រូវការស៊ីគឺអាហារសញ្ញា ហើយទីបីគឺកាយខ្លាចស្លាប់គឺជីវិតសញ្ញា ទាំងបីនេះគឺជាអារម្មណ៍របស់កាយទេ មិនមែនជាអារម្មណ៍របស់ចិត្តឡើយ។ បើក្នុងរូបកាយនោះជាចិត្តរបស់សត្វក្នុងថ្នាក់ខ្ពស់ នោះអារម្មណ៍ទាំងបីរបស់កាយត្រូវចិត្តសម្គាល់ដឹងយ៉ាងច្បាស់។ ឧទាហរណ៍លឺគេនិយាយថា មនុស្សស្រីយើងត្រូវចេះធ្វើខ្លួនអោយស្អាតដើម្បីទាក់ទាញអោយប្តីនៅផ្ទះ លឺភ្លាមចិត្តសត្វក្នុងថ្នាក់ខ្ពស់ខ្ទាស់ភ្លាម នឹកគិតក្នុងចិត្តថា បើគូស្នេហ៍របស់យើងមានចិត្តគិតថាបើខ្លួនប្រាណរបស់យើងចុះសម្ភស្ស នោះស្វាមីខ្លួនមានចិត្តទៅរកអ្នកក្រៅ ចិត្តយើងអោយទៅភ្លាមគ្មានប្រឹងធ្វើខ្លួនអោយស្អាតដើម្បីទាក់ប្តីអោយនៅជាមួយខ្លួនស្អីទេ បើលឺពាក្យនេះ ឬសង្កេតចិត្តរបស់ប្តីខ្លួនថាមានចិត្តបែបហ្នឹង មិនបាច់និយាយគ្នាច្រើនទេ អោយមានចិត្តតុបតែងខ្លួនដើម្បីអោយប្តីនៅជាមួយខ្លួន ឬតាមឃ្វាលប្តីគឺអត់ដាច់ខាត មានតែលែងគ្នាតែម្តងទៅ។ នេះគឺចិត្តសត្វថ្នាក់ខ្ពស់ ដឹងសញ្ញារបស់កាយ និងសញ្ញារបស់ចិត្តច្បាស់លាស់ក្នុងមនោរម្មណ៍ខ្លួន ហើយស៊ូទ្រាំនឹងការដឹងថាខ្លួនថោកទាបមិនបានទេ ក្នុងករណីនេះអារម្មណ៍ដឹងថាខ្លួនថោកទាប ខំតែងខ្លួនដើម្បីអោយគេនៅជាមួយ ខំផ្គាប់ផ្គុនអោយគេនៅជាមួយ ខំសំញែងលុយកាក់អោយគេនៅជាមួយ ក្តាប់លុយអោយជាប់អោយគេនៅជាមួយ អង្វរលួងលោមគេអោយគេនៅជាមួយ ធ្វើល្បិចកល់អោយគេព្រមនៅជាមួយជាដើម គឺក្នុងមនោរម្មណ៍ស៊ូមិនបាននឹងការដឹងនេះទេ ចេះតែមានអារម្មណ៍ថាខ្លួនធ្វើអំពើថោកទាបណាស់ បើគេចង់ទៅ ត្រូវតែអោយគេទៅ ទាក់គេអោយនៅតាមរបៀបខាងលើនេះ ខ្លួនគ្មានអារម្មណ៍កក់ក្តៅក្នុងជីវិតទេ គឺបែងចែកបានអារម្មណ៍កក់ក្តៅដែលបានទទួលពីការផ្តល់អោយដោយក្តីសណ្តោសដែលនាំចិត្តខ្លួនអោយគោរព និងអារម្មណ៍ភេទដែលជាអារម្មណ៍សត្វយ៉ាងច្បាស់លាស់។ ចិត្តរបៀបនេះគឺជាចិត្តដែលមិនជាប់ជំពាក់ក្នុងកាមឡើយថ្វីត្បិតតែមានការរួមភេទជារឿងធម្មតារបស់ជីវិតជាមនុស្ស តែសញ្ញារបស់ចិត្តខ្លួន នៅតែជាសញ្ញាចិត្តសត្វក្នុងថ្នាក់ខ្ពស់ដែលអាចបែងចែកអារម្មណ៍កាមរបស់កាយ និងអារម្មណ៍ចិត្តដែលជាចិត្តសត្វក្នុងថ្នាក់ខ្ពស់បានតែដដែលហ្នឹង។ មនុស្សសព្វថ្ងៃលែងស្គាល់ថាអ្វីទៅជាសេចក្តីស្នេហា យកអារម្មណ៍ភេទមកនិយាយថាជាក្តីស្នេហាទៅហើយ អ្នកខ្លះមិនមែនអារម្មណ៍ភេទទេតែក៏នៅតែជាអារម្មណ៍សត្វគឺអារម្មណ៍ចង់ពឹងគេព្រោះគេមានទ្រព្យសម្បត្តិជាងខ្លួន រៀបការជាមួយគេទៅខ្លួនបានខ្ពស់មុខខ្ពស់មាត់ដោយសារគេ ។ល។ នេះមិនមែនជាក្តីស្នេហារបស់សត្វក្នុងថ្នាក់ខ្ពស់ឡើយ តែពូសូមនិយាយសង្ខេបដោយខ្លីត្រឹមប៉ុណ្ណេះ ព្រោះពូចង់និយាយតែពីអារម្មណ៍កាមតណ្ហាដែលធ្វើអោយចិត្តមនុស្សវក់វីមិនអាចស្តាប់យល់ធម៌បានតែប៉ុណ្ណោះ។ ចំពោះចិត្តមនុស្សក្នុងសម័យកាលកម្លាំងរមូរខ្លាំងនេះ អារម្មណ៍កាមមានសភាពខ្លាំងក្លាណាស់ កាប់ចាក់គ្នា ពុករលួយ ក្បត់ប្រពន្ធ ផិតប្តី អស់ទឹកអស់ដីព្រោះតែអារម្មណ៍កាមនេះ។ ហ្វូងចិត្តសត្វដែលនៅវក់វីក្នុងអារម្មណ៍កាមនេះមិនងាយនឹងអាចយល់ធម៌បានទេព្រោះចិត្តសត្វដែលសប្បាយវក់វីនឹងអារម្មណ៍កាមនេះជាចិត្តសត្វក្នុងថ្នាក់ទាបណាស់។


Report Page