Dharma

Dharma

https://t.me/knowledgesociety855

អត់ស្លាប់ អត់កើត៖

សំណេរលោកពូ ថ្ងៃទី 08.03.2020


ព្រះពុទ្ធសម្តែងថាសត្វស្លាប់ហើយកើតមកវិញក៏ខុស សត្វស្លាប់ហើយសូន្យក៏ខុស តើក្មួយៗយល់ពាក្យដែលព្រះពុទ្ធចង់ប្រាប់យើងពីការត្រាស់ដឹងរបស់ព្រះអង្គត្រង់ចំណុចនេះឃើញដែរឬទេ? កាលពីពេលមុន ពូបានដឹងថាពិភពលោកនេះកើតមកពីធាតុ គឺធាតុដី ធាតុទឹក ធាតុភ្លើង ធាតុខ្យល់ ពេលនោះពូក៏ពន្យល់ពួកក្មួយៗត្រង់ព្រះពុទ្ធសម្តែងថាស្លាប់កើតមកវិញក៏ខុស ស្លាប់ទៅសូន្យក៏ខុសតាមរបៀបថាពិភពលោកនេះកើតពីធាតុហ្នឹងទៅ។ ទេឥឡូវនេះពូបានដឹងហើយថាពិភពលោកនេះមិនមែនកើតឡើងពីធាតុដីទឹកភ្លើងខ្យល់ទេ គឺកើតពីកម្លាំងនៃធាតុដីទឹកភ្លើងខ្យល់នៃកលាបៈដែលកំពុងតែវិលជាប់មិនដាច់សោះឡើយដូច្នេះពាក្យដែលព្រះពុទ្ធសម្តែងថា យល់ថាសត្វស្លាប់ហើយកើតមកវិញក៏មិនត្រូវ យល់ថាសត្វស្លាប់ហើយសូន្យក៏មិនត្រូវ។ អញ្ចឹងដែលត្រឹមត្រូវនោះវាយ៉ាងម៉េច? ពូនិយាយអោយក្មួយៗឆាប់ភ្ញាក់ថាអត់ស្លាប់ផង សត្វអត់ស្លាប់ផង សត្វច្រឡំថាខ្លួនឯងស្លាប់ តាមពិតមានស្លាប់ឯណា គឺប្តូរពីអត្ថិភាពដឹងបែបមនុស្សទៅអត្ថិភាពដឹងបែបសត្វក្នុងថ្នាក់ណាមួយតែប៉ុណ្ណោះ គឺអត់ស្លាប់ទេ គឺអត់មានស្លាប់អ្វីទេ មនុស្សយល់ច្រឡំថាខ្លួនស្លាប់ទេតើ តាមពិតសត្វមានស្លាប់ឯងណា ម៉េចទៅជាកើតវិញ បើអត់ស្លាប់ផងបានអីកើត ហើយស្លាប់ទៅសូន្យយ៉ាងម៉េចបើមិនស្លាប់ផង។ យើងគឺចិត្តពូនិយាយច្រើនដងហើយថាយើងគឺចិត្ត មើលមនុស្សគឺមើលចិត្ត សូមអោយមើលចិត្តមនុស្ស សញ្ញាតាមទ្វារមនោ គឺទុកសម្គាល់ចិត្តមនុស្សនេះហើយ តើក្មួយវាងវៃក្នុងការមើលសញ្ញាចិត្តរបស់មនុស្សដែរឬទេ? បើក្មួយពូកែមើលសញ្ញារបស់ចិត្តមនុស្ស ក្មួយនឹងដឹងថា ចិត្តដែលសម្ងំនៅក្នុងរូបកាយជាមនុស្សនោះ ជាចិត្តសត្វតិរច្ឆាន ជាចិត្តសត្វប្រេត ជាចិត្តសត្វនរក ជាចិត្តទេវតា ឬជាចិត្តព្រះព្រហ្ម ហើយនៅពេលបែកកាយរំលាយខន្ធជាមនុស្ស ចិត្តនោះទៅទាំងមូលតែម្តង គ្មានប្រែប្រួលបន្តិចសោះឡើយ។ ពូនិយាយអោយស្រួលស្តាប់ថាទៅទាំងយើងតែម្តង អត់មានស្លាប់ អត់មានកើតអ្វីទេ គឺហោះទៅតែម្តង តើក្មួយយល់ទេ? ពេលពូដឹងធម្មជាតិគឺបែបហ្នឹង ពូសប្បាយចិត្តណាស់ ពូស្រែកក្នុងចិត្តពូថា អូយយ៉ូយ! ធម្មជាតិនេះយុត្តិធម៌ណាស់!!! ពាក្យយុត្តិធម៌គឺជាពាក្យព្រះពុទ្ធហើយ ព្រោះមានពាក្យថាធម៌នៅក្នុងពាក្យយុត្តិធម៌នេះ ហើយធម្មជាតិនេះគឺវាសុក្រិត្យមួយរយភាគរយឥតលម្អៀង ឥតស៊ីសំណូកសូកប៉ាន់អ្នកណាសោះឡើយ វាធ្វើអញ្ចឹង វាត្រូវតែចេញផលមកអញ្ចឹង គ្មានផលណាដែលកើតប្រាស់ចាកហេតុនោះទេ។ អ្នកបានយល់ពីធម៌ ទើបយល់ច្បាស់ពីផលដែលកើតមកពីហេតុវាមានសភាពសុក្រិត្យឥតខ្ចោះយ៉ាងម៉េច។ ពូសុំរំលឹកក្មួយថា នៅក្នុងលោកយើងនេះ អ្វីៗកើតមកពីតែកម្លាំងសុទ្ធ និងកម្លាំងនៃធាតុដីទឹកភ្លើងខ្យល់តែប៉ុណ្ណោះ អស់ត្រឹមប៉ុណ្ណឹង។ ប៉ុន្តែកម្លាំងនិងកម្លាំងធាតុវាបង្កើតបានជាមនុស្ស និងសព្វសត្វដទៃទៀតយ៉ាងរៀបរយឥតខ្ចោះតាមសភាពកម្លាំងនិងកម្លាំងធាតុដីទឹកភ្លើងខ្យល់។ នរកប្រេតសាងពីកម្លាំងនៃធាតុភ្លើង ចំណែកពពួកសត្វសួគ៌រហូតដល់ព្រហ្មគឺធ្វើពីកម្លាំងធាតុទឹក ហើយកម្លាំងធាតុដីទឹកភ្លើងខ្យល់ធ្វើឋានកណ្តាលគឺឋានមនុស្សលោកនេះឯង។ ព្រះព្រហ្មដែលចិត្តប្រកបដោយព្រហ្មវិហារធម៌គឺចិត្តមេត្តាករុណា មុទិតា ឧបេក្ខាគឺធ្វើពីកម្លាំងធាតុទឹក កម្លាំងធាតុទឹកនេះជាកម្លាំងត្រជាក់ ពេលវាបង្កើតជាមនុស្ស ឬបង្កើតជាសត្វសួគ៌ដូចជាសត្វព្រហ្មគឺចិត្តមេត្តាករុណាដែលធ្វើពីកម្លាំងធាតុទឹកហ្នឹង គឺក្លាយទៅជាមនុស្សឬសត្វព្រហ្មដែលចិត្តនោះចេះតែខ្វាយខ្វល់គិតគេគិតឯង អ្នករស់នៅជាមួយបានក្តីសុខអញ្ចឹងទៅ ចំណែកកម្លាំងធាតុភ្លើង ធ្វើចិត្តសត្វនរក ទោះជាមនុស្សដែលមានចិត្តនរក ឬសត្វនរក កម្លាំងធាតុភ្លើងបានធ្វើចិត្តពួកគេអោយរមិលគុណ អោយសាហាវជាដើមអញ្ចឹងទៅ តាមពិតនោះគឺកម្លាំងនៃធាតុភ្លើងទេ ធម្មជាតិមិនទាំងដឹងថាមានសត្វផង ហើយកម្លាំងធាតុភ្លើងខ្លួនវាក៏មិនបានដឹងកម្លាំងធាតុភ្លើងរបស់វានេះធ្វើអោយកើតចិត្តដែលសាហាវ ដែលរមិលគុណអញ្ចឹងដែរ។ គួរអោយអស់សំណើចធម្មជាតិនេះណាស់គឺវាអញ្ចឹងទេឬ កម្លាំងធាតុទឹកវាត្រជាក់ធ្វើអោយកើតសត្វល្អ ចិត្តត្រជាក់ល្អ កម្លាំងធាតុភ្លើងធ្វើអោយកើតជាមនុស្សមានចិត្តអាក្រក់ ឬចិត្តសត្វនរកប្រេត។ ក្រៅពីមនុស្ស កំណើតសត្វទាំងអស់ជាសត្វសោយ គឺសោយសុខក្នុងសុគតិភព ឬសោយទុក្ខក្នុងទុគ្គតិភព ហើយការសោយនេះដោយសារសង្ខារកាលនៅជាសត្វសាង សត្វបានសាងរបៀបម៉េច ពេលសោយនោះគឺអត់មានខ្វះ អត់មានរំលង អត់មានបន្ថែម គឺត្រឹមត្រូវយុត្តិធម៌ល្អណាស់ អត់មានអ្នកណាស៊ីសំណូកសូកប៉ាន់អ្វីទេ។ ត្រង់ចំណុចនេះ ពូគិតលេងៗថានៅក្នុងថ្នាក់ចិត្តនៃជីវិតសត្វទាំងជាង៤០ឋាន មានតែឋានមនុស្សមួយគត់ជាឋានសាង វាបានបង្កើតភាពរញ៉េរញ៉ៃ ភាពឥតសណ្តាប់ធ្នាប់ ភាពអយុត្តិធម៌ដល់កម្រិតនេះទៅហើយ ចុះបើគ្រប់ឋានទាំងអស់សុទ្ធតែរញ៉េរញ៉ៃ អយុត្តិធម៌បែបហ្នឹង តើពិភពសត្វនឹងទៅជាយ៉ាងណាទៅ? ប្រហែលជាត្រូវផ្ទុះផែនដីព្រឹកល្ងាចហើយមើលទៅ។ នៅឋានមនុស្សលោកនេះ អ្នកមានលុយទិញបុណ្យបាន ឃើញតែអ្នកមានលុយធ្វើពិធីបុណ្យចែកអំណោយដល់អ្នកក្រីក្រ មនុស្សខូចជិះជាន់កេងប្រវ័ញ្ចគេបានលុយ ហើយយកលុយទៅធ្វើពិធីបុណ្យ។ មនុស្សដែលចិត្តគិតតែពីក្រុមគ្រួសារខ្លួន ចង់អោយកូនប្រពន្ធខ្លួនបានសុខបានសប្បាយ ខ្លួនប្រើគេអោយធ្វើការ អោយកូនប្រពន្ធដេក មនុស្សចិត្តរបៀបនេះឡើងធ្វើអ្នកធំ ទៅណាមកណាមានគេគោរពកោតក្រែង។ មនុស្សមានប្រាជ្ញាចេះកេងប្រវ័ញ្ចញើសឈាមអ្នកទន់ខ្សោយឃើញតែរស់នៅស្រួល។ អ្នកបោកក្នុងសាសនាក៏ចេះតែបោកពេញទឹកពេញដីទៅ។ ចង់តែស្រួល ចង់តែបានមុខមាត់ ចង់តែបានកិត្តិយស ចង់អោយគេបម្រើ មានចិត្តច្រណែននឹងគេដែលខ្ពង់ខ្ពស់ជាងខ្លួន អ្នកណាខ្ពង់ខ្ពស់ជាងខ្លួនមិនបាន បើនៅក្នុងឋានព្រហ្មជាឋានសោយសុខ ប្រហែលចិត្តធុនៗនេះ ទៅសូកប៉ាន់ ទៅកាប់ចាក់ ទៅសម្ងំសុខអោយគេបម្រើនៅទីនោះទៀតហើយ។ ឳ!មនុស្សចិត្តអាក្រក់ អាក្រក់រកទីបំផុតគ្មានបែបនេះហ្ន៎! អាចអយុត្តិធម៌ អាចជិះជាន់គេបាន អាចប៉ែងជើងគេ ហើយរុលទៅមុខ អាចសូកប៉ាន់តែនៅក្នុងជីវិតជាសត្វសាងតែមួយឋានតែប៉ុណ្ណោះ។ ចិត្តដ៏សែនអាក្រក់នេះប្រុងទៅច្រណែន ប្រុងទៅបំពារបំពានគេ ប្រុងទៅសម្ងំយករួចខ្លួននៅក្នុងឋានសត្វសោយនោះទៀតឬ? តែធម្មជាតិនេះយុត្តិធម៌ណាស់ ពួកគេមិនអាចសម្រេចបំណងគេបានទេនៅក្នុងឋានសត្វសោយក្នុងសុគតិភពនោះ។ ពូធ្លាប់និយាយគូសបញ្ជាក់ពីអារម្មពូថា មានតែជីវិតដែលលះបង់គ្រប់បែបយ៉ាងដើម្បីបម្រើមនោសញ្ចេតនា ឬចិត្តអាណិតស្រឡាញ់ចំពោះមនុស្សដែលខ្លួនអាណិតស្រឡាញ់ទេ ទើបជីវិតពូស្គាល់ភាពផ្អែមល្ហែមក្នុងជីវិតបាន មនោពូសម្លឹងទៅអ្នកដែលគេមានលទ្ធភាពសោយសុខលើកគំនរទ្រព្យសម្បត្តិទាំងឡាយ ពូថ្លឹងចិត្តពូ ពូថាចិត្តពូអត់សប្បាយនឹងអ្វីដែលគេកំពុងតែសប្បាយនោះផង ពូមើលឃើញថា អ្វីដែលគេកំពូងតែសប្បាយនោះ បើអោយមកជាពូវិញ ប្រហែលជាពូត្រូវសម្លាប់ខ្លួនបាត់ទៅហើយ អត់សប្បាយអីផង ព្រឹកអញ្ចឹង ថ្ងៃអញ្ចឹង ល្ងាចអញ្ចឹង ចុងក្រោយងាប់ ហើយពេលងាប់ទៅអត់ចាំថាខ្លួនបានសប្បាយអីផង តើការសប្បាយពេលដែលខ្លួននៅរស់នោះ វាមានន័យខ្លឹមសារអ្វីទៅ ងាប់អោយឆាប់ទៅសោះនឹងពិបាករកស៊ី ទោះមានលុយចាយសប្បាយស៊ីហូរហៀរប៉ុនណាក៏ដោយ ក៏ចុងក្រោយគង់តែស្លាប់ ហើយស្លាប់ទៅអត់មានចាំអ្វីទាំងអស់ គ្មានសប្បាយអីទេ ពិតជាគ្មានបានការអ្វីទេ។ ពូឃើញជីវិតអ្នកណាក៏អញ្ចឹងៗ គួរអោយធុញទ្រាន់ណាស់ គួរអោយសង្វេគណាស់ ស្លាប់ព្រាត់ប្រាស់ចោលមនុស្សជាទីស្រលាញ់របស់ខ្លួនជារៀងរហូត ខ្លោចផ្សារណាស់ ទុក្ខព្រួយណាស់ ចុះហេតុអ្វីក៏មនុស្សម្នាទាំងឡាយគេសើចសប្បាយនឹងជីវិតម្លេះ គេអត់មានឃើញថាជីវិតអត់បានការខ្លោចផ្សានិរាសព្រាត់ប្រាស់ដូចពូទេឬ? ក្នុងអារម្មណ៍ពូចេះតែគិតថាចង់អោយមនុស្សគ្រប់គ្នារស់នៅដោយសន្តិភាព យល់ថាជីវិតគ្មានបានការអ្វីទេ ចែកគ្នារស់ ចែកគ្នាស៊ី ទម្រាំដល់ថ្ងៃស្លាប់ ថ្ងៃបែកជារៀងរហូតទៅ។ ប៉ុន្តែពូពន្យល់ប្រាប់ពីផ្លូវនេះ មិនបានផលទាល់តែសោះ គេគិតផ្សេងពីពូ ក្នុងចិត្តពូគិតយ៉ាងណាក៏នៅតែមើលឃើញថាមានតែជីវិតដែលយកទៅប្រឈមនឹងឧបសគ្គគ្រប់បែបយ៉ាងដើម្បីបម្រើមនោសញ្ចេតនារបស់ខ្លួនចំពោះមនុស្សដែលខ្លួនស្រឡាញ់ទេ ទើបជីវិតបានទទួលនូវភាពផ្អែមល្ហែម។ ស្រាប់តែអារម្មណ៍សោកសង្រេងអំពីជីវិតជាង៥០ឆ្នាំរបស់ពូត្រូវបានបើកបង្ហាញឡើង អូ!ជីវិតមានសង្ឃឹមហើយតើ ស្រស់បំព្រងហើយតើ មានន័យហើយទេតើ អញ្ចឹងបានវាយុត្តិធម៌ អញ្ចឹងបានមានកម្លាំងរស់។ មនុស្សមិនស្លាប់ឯណា ពេលបែកធ្លាយអត្ថិភាពជាមនុស្សគឺចិត្តរបស់យើងបានទៅមុខទៀតទេតើ មនុស្សដែលយើងស្រឡាញ់អាចធ្វើដំណើរជាមួយនឹងយើងដោយសប្បាយរីករាយ ដោយគ្មានអំពើអយុត្តិធម៌ពីពេលឥលូវនេះ រហូតទៅមុខដ៏វែងឆ្ងាយរាប់លានឆ្នាំជាមួយក្រុមមនុស្សដែលយើងស្រឡាញ់ឥតបែកគ្នាសោះឡើយ ឥតមានជួបទុក្ខលំបាកសោះឡើយព្រោះអំពើល្អដែលយើងបានសាងជុំគ្នា វាជូនដំណើរយើងពីកន្លងមកដល់ពេលនេះ ហើយបន្តទៅមុខរាប់លានឆ្នាំទម្រាំថ្ងៃដែលយើងបានជួបព្រះពុទ្ធហើយវិបស្សនាដើម្បីអោយដឹងថាខ្លួនយើងគឺជាកម្លាំងទេ វាគ្មានយើងពិតប្រាកដទេនៅក្នុងកម្លាំងនេះ កម្លាំងគឺជាកម្លាំង មិនមែនយើងទេ នោះគឺព្រះនិព្វាន។ មកដល់ត្រង់នេះ ពូនឹកអស់សំណើចនឹងមនុស្សខូច និងមនុស្សអាត្មានិយម បើសិនណាជាគេអាចសម្ងំសុខនៅក្នុងសុគតិភពបាន ប្រហែលយើងត្រូវវក់វីនឹងបម្រើតណ្ហារបស់ពួកគេនៅក្នុងឋាននោះទៀតមើលទៅ។ ពូស្ទង់ទៅរកចិត្តពួកគេ គឺចង់អោយគេបម្រើខ្លួន ហើយខ្លួននៅសម្ងំជាធំគឺសម្ងំជាសុខដោយពេញប្រៀបទៅដោយអ្នកហែហម យកចិត្តយកថ្លើមខ្លួន តែសុំទោសផងទៅចុះ ចិត្តធុននោះនរកបើកទ្វារចំហរចាំធំណាស់ បើបាត់វត្តមានពួកគេនៅទីនេះ សូមទៅរកនៅឋាននរកនោះទៅ គឺពួកគឺនៅទីនោះហើយ ធម្មជាតិចេះរៀបចំល្អណាស់។ ពូបានមើលឃើញគម្រូនៃចិត្តម្តាយពូក្នុងមនោរម្មណ៍របស់ពូមិនដែលភ្លេចឡើយ បានទៅជួយគេ បានទៅធ្វើការងារដែលគេធ្វើមិនកើត គាត់ជំនួសគេ គាត់សប្បាយចិត្តណាស់ មិនអោយគាត់ទៅគាត់នៅមិនសុខទេ ភ្លេចៗគាត់ទៅបាត់មិនប្រាប់យើងផង។ ពូចង់ប្រាប់ទៅពួកមនុស្សខូចទាំងឡាយ ពេលដែលមនុស្សល្អចិត្តសប្បាយនឹងបម្រើគេទៅអញ្ជើញពួកវានោះមកធ្វើការផង ពួកវាចង់តែដេក ចិត្តពួកវាចង់តែស្រួល ហើយលឺថាសុគតិភពស្រួលចង់ទៅដេកសុខនៅទីនោះទៀត ចង់ទៅធ្វើធំនៅទីនោះទៀត តែគួរអោយអស់សំណើចធម្មជាតិនេះណាស់។ ចិត្តអ្នកនៅសុគតិភពបានជួយ បានផ្តល់ក្តីសុខអោយគេ ក្នុងចិត្តបានសុខណាស់ ក្នុងចិត្តមានភាពកក់ក្តៅណាស់ តើក្មួយៗយល់ដំណើរធម្មជាតិនេះទេ ធម៌គឺបែបហ្នឹងណាក្មួយ។ សូមក្មួយៗរីករាយនឹងដំណើរជីវិតជាមនុស្សល្អរបស់ក្មួយៗទៅចុះ៕

Report Page