Dharma

Dharma



សំណេរលោកពូ ថ្ងៃទី៣១.០៣.២០២០

ហិរិ និងឳតប្បធម៌៖

ហិរិ និងឳតប្បៈជាកំពូលសីលធម៌ដែលចិត្តអ្នកណាមានសីលធម៌ពីរនេះ ចិត្តអ្នកនោះគឺមិនមែនជាចិត្តសត្វក្នុងសុគតិភពទាបៗនោះទេ គឺជាចិត្តសត្វក្នុងសុគតិភពថ្នាក់ខ្ពស់។ ពូពិបាកនិយាយអោយមនុស្សសម្គាល់ធម៌ហិរិ និងឳតប្បៈនៅក្នុងចិត្តមនុស្សអោយបានច្បាស់លាស់ងាយស្រួលសម្គាល់ខ្លាំងណាស់ ពូចេះតែដេកគិត តើរកវិធីណា រកពាក្យណាមកនិយាយពន្យល់អោយច្បាស់ៗ អោយមនុស្សងាយសម្គាល់ចិត្តខ្លួនឯង និងចិត្តអ្នកដទៃថាតើចិត្តខ្លួន និងចិត្តអ្នកដទៃ មានធម៌ហិរិ និងឳតប្បៈនេះទេ បើមាន មានកម្រិតណា។ ហិរិគឺជាចិត្តខ្មាស់ខ្លួនឯងចំពោះអំពើបាប គឺអំពើអាក្រក់ដែលខ្លួនដឹងថាខ្លួនបានធ្វើ រាប់ចាប់តាំងពីអំពើអាក្រក់តូចៗ ទៅដល់អំពើអាក្រក់ធំៗ មានមនសិការរបស់ខ្លួនជាអ្នកប្រាប់ថានេះអំពើអាក្រក់ ចិត្តខ្មាស់អំពើអាក្រក់ មិនអាចធ្វើបាន ខ្មាស់មនសិការខ្លួនឯង ហើយបើខ្លួនជ្រុលជាធ្វើ គឺទោសមនសិការដែលមានទៅលើចិត្តរបស់ខ្លួន តើក្មួយៗយល់ទេ? ពូសុំសង្ខេបអោយខ្លីត្រឹមប៉ុណ្ណេះអំពីធម៌ហិរិ គឺចិត្តខ្មាស់អំពើអាក្រក់ទាំងឡាយដែលមនសិការរបស់ខ្លួនជាអ្នកដឹង ហើយបើធ្វើទទួលទោសមនសិការ នេះគឺជាសីលធម៌នៃចិត្តដែលមានធម៌ហិរិ មិនមែនកាន់សីលព្រោះខ្លាចបាបទេណា គឺប្រក្រតីទៅដោយសីល។ សូមក្មួយៗគិតអោយយល់ក្នុងចិត្តសន្តានក្មួយ។ ក្មួយនៅចាំពាក្យពូទេ ពូនិយាយច្រើនដងថា យើងធ្វើមិនកើតទេព្រោះយើងជាមនុស្ស ក្មួយស្ទង់តាមទ្វារមនោមកចិត្តពូមើល តើចិត្តពូយ៉ាងម៉េចដែលពូចេះតែនិយាយពាក្យហ្នឹង? ឳតប្បៈ ចិត្តដែលស្អប់ខ្ពើមអំពើបាបចេញពីក្នុងពោះវៀនពោះតាំង។ ចិត្តនេះតើក្មួយៗសម្គាល់បានទេ ក្រណាស់ណា គឺតែស្អប់ហើយនៅមិនសុខទេ គឺវាយបង្ក្រាបអំពើអាក្រក់ណា ក្មួយស្ទង់មើល តើចិត្តបែបនេះកម្រទេ តើចិត្តបែបនេះមាននៅក្នុងតិរច្ឆានទេ មាននៅក្នុងចិត្តសត្វនរកប្រេតទេ មាននៅក្នុងចិត្តសត្វសុគតិភពថ្នាក់ទាបៗទេដូចជាទេវតាអី សោយសុខដោយអារម្មណ៍កាមហ្នឹង កាមភព តែចិត្តដែលមានប្រក្រតីដោយធម៌ឳតប្បៈបើមិនបានរុកដោលចាក់ឆ្កៀលពួកខូចទេ នៅមិនសុខទេ តើក្មួយយល់សន្តានចិត្តដែលមានធម៌ឳតប្បៈនៅក្នុងចិត្តឬនៅ? មិនបានបង្រ្កាបអំពើអាក្រក់នៅមិនសុខទេ។ អ្នកខ្លះសួរពូថាគេធ្វើអីវាបានវាទៅរករឿងគេ? ពូឆ្លើយថាមុខអ្ហែងបន្លប់អញបាន? ប៉ុន្តែចិត្តអញដើរហួសវាមិនកើត ឃើញអ្ហែងប៉ិនបន្លប់គេពេក ហើយបើចំពោះពួកអាក្រក់ខ្លាំងទូទៅក្នុងសង្គម ពូច្រើននិយាយថា ហឹស! បើអញឈ្នះឆ្នោត តើអញធ្វើអីមុនគេ? គឺធ្វើគុកមុនគេហើយធ្វើអោយធំ សម្រាប់ដាក់មនុស្សខូចហ្នឹងមិននៅក្នុងគុកទេ គឺនៅបាតគុក។ ក្មួយរៀនគិតមើល បើសង្គមមនុស្សសម្បូរមនុស្សមានចិត្តឳតប្បៈហ្នឹង តើសង្គមនោះ មនុស្សរស់នៅស្រួលទេ? ស្រួលដូចសង្គមខ្មែរហ្នឹងទេ??? សង្គមខ្មែរយើង មនុស្សសម្ងំយកតែសុខហ្នឹង ទាំងលោកគ្រូប្រដៅធម៌ល្បីៗគេហ្នឹង ដើរចុះចូលយ៉ាងស្រួលជាមួយពួកអាខូច ទេសនាបោកៗ គ្រូហ្នឹងចិត្តយ៉ាងម៉េចបានដើរជាមួយចិត្តខូចហ្នុងបាន។ ក្មួយស្គាល់សញ្ញាចិត្តរបស់លោកគ្រូគេហ្នុងហើយ ហើយយាយតាកាន់សីលមួយប្រទេសខ្មែរហ្នឹង មាននរណាមានធម៌ឳតប្បៈនៅក្នុងចិត្តសន្តានទេ ហើយអួតសុទ្ធតែឯងហ្នឹងអ្នកមានសីល សីលខ្លាចបាបហ្នឹង សីលអំប៊ីហ្នឹង តើគាត់ស្គាល់មនុស្សល្អទេ មើលយល់ចិត្តរបស់មនុស្សល្អទេ? ភ្នែកបញ្ញាមើលយល់ចិត្តមនុស្ស គឺចិត្តកត្តញ្ញូ ហើយអ្នកទេសនាតាំងពីណាពីណីមកទេសនាអោយកើតបញ្ញាគឺកើតធម៌កត្តញ្ញូនេះទេ? អ្នកកាន់ព្រះពុទ្ធសាសនាខ្មែរមានចិត្តកើតធម៌កត្តញ្ញូនេះទេ? នេះគឺធម៌មេហ្វូងនៃកុសលធម៌ទាំងឡាយណា ក្មួយៗគិតមើល តើមេរៀនព្រះពុទ្ធបានរលាយហើយឬនៅ? ព្រះពុទ្ធសាសនារបស់គាត់មិនរលាយទេលោកម្ចាស់ធំអើយ ប៉ុន្តែន័យពិតប្រាកដនៃការសម្ដែងធម៌របស់ព្រះពុទ្ធគឺអាវំសិរោសូន្យសុងហើយ។ ព្រះពុទ្ធព្យាករណ៍ថាក្រោយ៥០០ឆ្នាំដែលព្រះអង្គបរិនិព្វាន ធម៌ដែលព្រះអង្គសម្ដែងអស់ន័យរលីងចេញពីប្រទេសកំណើតរបស់ព្រះអង្គ ចាប់ពីពេលហ្នុងមក ព្រះធម៌ព្រះអង្គមិនដឹងជារសាត់ទៅច្បាស់ ឬមិនច្បាស់នៅប្រទេសណាពូមិនដឹងទេ ប៉ុន្តែយើងអាចផ្ទៀងផ្ទាត់ពាក្យសម្ដែងធម៌របស់ព្រះអង្គដោយប្រើខួរក្បាលគិតពិចារណាលើហេតុផល។ តែសព្វថ្ងៃគឺចោទយើងថា តើអ្នកឯងនិយាយនេះមានចាំគម្ពីរទេ? មានបានបួសរៀនគម្ពីរទេ? តើការបួសរៀននេះ យកគោលចាំឬយល់ ហើយគម្ពីរនេះព្រះសម្មាសម្ពុទ្ធបានសរសេរទេ? ហើយបើព្រះអង្គមិនបានសរសេរ តើព្រោះហេតុអ្វី? លើសពីនេះព្រះអង្គសម្ដែងមិនអោយជឿគម្ពីរទៀត អោយប្រើខួរក្បាលគិតពិចារណាហេតុនិងផលតែដដែលហ្នឹង។ ក្មួយៗរៀនគិតពិចារណាតាមតម្រុយបែបៗហ្នឹងទៅ ក្មួយនឹងរកឃើញថា តើមូលហេតុអ្វីដែលពាក្យសម្ដីសម្ដែងពីធម៌របស់ព្រះអង្គត្រូវរលាយទាំងស្រុងនោះ? ចង់បញ្ចប់ពូសូមសង្ខេប ពីធម៌ឳតប្បៈគឺជាចិត្តដែលស្អប់ខ្ពើមអំពើអាក្រក់ អំពើអសកម្ម អំពើអវិជ្ជមានទាំងអស់របស់មនុស្ស ទាល់តែបានកម្ទេចធម៌អាក្រក់បានចិត្តនៅសុខ មានមនសិការជាអ្នកឃ្លាំមើលចិត្តខ្លួន និងមានទោសមនសិការបើខ្លួនប្រព្រឹត្តខុស។ នេះគឺសីលធម៌នៃចិត្តដែលមានឳតប្បៈ។ ហិរិនិងឳតប្បៈជាលោកបាលធម៌ ជាធម៌ចិត្តអ្នករក្សាលោក នេះគឺសីលធម៌នៃចិត្តអ្នករក្សាលោកណា មិនមែនកាន់សីលព្រោះខ្លាចបាបទេណា។ ក្មួយសម្គាល់ក្នុងមនោរម្មណ៍ក្មួយមើល មនុស្សដែលមានសីលធម៌ហិរិ និងឳតប្បៈនេះ តើកម្រយ៉ាងណា? ហើយតើចិត្តនេះជាចិត្តមនុស្សល្អខ្លាំងកម្រិតណាទៅ? ហើយអ្នកទេសនាល្បីៗ និងពុទ្ធបរិស័ទអ្នកកាន់ព្រះពុទ្ធសាសនាកាន់សីលព្រោះខ្លាចបាបហ្នឹង មានកម្រិតសីលធម៌ហិរិ និងឳតប្បៈនេះទេ? សូមក្មួយៗរីករាយនឹងជីវិតយល់ធម៌របស់ក្មួយៗ ហើយរស់នៅបានជាទីពឹងសម្រាប់ខ្លួនឯងផង និងបានជាទីពឹងសម្រាប់អ្នកដទៃតាមសមត្ថភាពចិត្តរបស់ក្មួយៗផងទៅចុះ៕

Report Page