China

China

NGAUV BORINA


ប្រទេសចិននឹងអនុម័តដំ​ណោះស្រាយ​ជា​ប្រវត្តិសាស្ត្រនៅឯ​កិ​ច្ចប្រជុំពេញអ​ង្គលើ​ក ទី៦...

មន្ត្រីបក្សកុម្មុយនិស្តចិនកំពុងនៅទីក្រុងប៉េកាំងសម្រាប់សន្និសីទដ៏សំខាន់មួយដែលត្រូវបានគេរំពឹងថានឹងអនុម័ត”ដំណោះស្រាយជាប្រវត្តិសាស្ត្រ”ស្តីពីសមិទ្ធផលរបស់គណបក្សក្នុងរយៈពេល១០០ឆ្នាំកន្លងមកនេះ។ កិច្ចប្រជុំពេញអង្គលើកទី៦នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនលើកទី១៩(សន្និសីទមជ្ឈិមលើកទី៦) បានបើកនៅទីក្រុងប៉េកាំងនៅថ្ងៃទី៨ ខែវិច្ឆិកាដោយរំពឹងថានឹងមានរយៈពេល៤ថ្ងៃ។

សន្និសីទនេះត្រូវបានគេរំពឹងថានឹងពិចារណានិងអនុម័តលើ “សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សស្តីពីសមិទ្ធិផលសំខាន់ៗនិងបទពិសោធន៍ប្រវត្តិសាស្ត្រក្នុង១០០ឆ្នាំនៃការខិតខំប្រឹងប្រែងរបស់បក្ស”។

នេះ​ជា​លើក​ទី​៣​ហើយ​ចាប់​តាំង​ពី​កំណើត​នៃ​បក្ស​កុម្មុយនីស្ត​ចិនដែល​ឯកសារ​បែប​នេះ​បាន​កើត​ឡើងហើយ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​រួម​ចំណែក​ក្នុង​ការ​កែទម្រង់​នយោបាយនិង​សង្គម​ចិន​សម្រាប់​រាប់​ទសវត្សរ៍​ខាង​មុខ។ ដំណោះស្រាយប្រវត្តិសាស្ត្រទាំង២មុននេះត្រូវបានផ្សារភ្ជាប់ជាមួយនឹង ”មេដឹកនាំនៃសម័យកាល” របស់ប្រទេសចិនគឺលោកម៉ៅ សេទុង និងលោក តេង ស៊ាវពីងហើយបានដឹកនាំនៅគ្រាសំខាន់ៗ។

គឺ “ដំណោះស្រាយលើបញ្ហាមួយចំនួននៃប្រវត្តិសាស្រ្តបក្ស” ដែលបានបោះពុម្ពនៅឆ្នាំ១៩៤៥។ “ដំណោះស្រាយលើបញ្ហាមួយចំនួននៃប្រវត្តិសាស្រ្តគណបក្សចាប់តាំងពីការបង្កើតប្រជាជាតិ” ត្រូវបានបោះពុម្ពនៅឆ្នាំ១៩៨១ពីរបីឆ្នាំបន្ទាប់ពីប្រទេសចិនអនុវត្តកំណែទម្រង់និងបើកចំហ។

យោងតាមអ្នកសង្កេតការណ៍ដំណោះស្រាយជាប្រវត្តិសាស្ត្រនេះទំនងជាឯកសារដែលកំណត់ជំហររបស់លោកស៊ីជីនពីងក្នុងនាមជាមេដឹកនាំឈរនៅផ្លូវបំបែកជាប្រវត្តិសាស្ត្រដែលទទួលខុសត្រូវក្នុងការនាំប្រទេសចិនឱ្យតាមទាន់ប្រទេសលោកខាងលិច។ មុននោះលោកស៊ីត្រូវបានផ្តល់ឋានៈជា ”មេដឹកនាំស្នូល” បានបង្កើតគោលលទ្ធិនយោបាយដែលដាក់ឈ្មោះតាមខ្លួនលោកថា “ការគិតស៊ីជីនពីង” ហើយបញ្ចូលវាទៅក្នុងធម្មនុញ្ញរបស់បក្ស។ នៅពេលដែលលោកឡើងកាន់អំណាចក្នុងឆ្នាំ២០១២ លោកស៊ីបានគូសបញ្ជាក់ពី “គោលដៅរយឆ្នាំ” ចំនួន២គឺការប្រែក្លាយប្រទេសចិនទៅជាសង្គម ”សុខុមាលភាព” នៅឆ្នាំ២០២១គឺ១០០ឆ្នាំបន្ទាប់ពីគណបក្សត្រូវបានបង្កើតឡើង។ ហើយក្លាយជា ”ប្រទេសសង្គមនិយមទំនើបដ៏អស្ចារ្យ” នៅឆ្នាំ២០៤៩ពោលគឺ១០០ឆ្នាំចាប់តាំងពីការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។

កាលពីខែកក្កដា លោកស៊ីបានប្រកាសថា ប្រទេសចិនបានសម្រេចគោលដៅទី១ ហើយដំណោះស្រាយនេះទំនងជាគូសបញ្ជាក់ផ្លូវដើម្បីសម្រេចបាននូវគោលដៅទី២។ នៅមុនថ្ងៃនៃសន្និសីទមជ្ឈិមលើកទី៦ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានផ្សាយអត្ថបទសរសើរមេដឹកនាំស៊ីជីនពីង។

ទីភ្នាក់ងារព័ត៌មានចិន Xinhau នៅថ្ងៃទី៦ខែវិច្ឆិកាបានចុះផ្សាយអត្ថបទពិសេសមួយដែលមានពាក្យច្រើនជាង១០,០០០ដែលមានចំណងជើងថា “លោកស៊ីជីនពីងដឹកនាំគណបក្សដ៏អស្ចារ្យមួយរយឆ្នាំឆ្ពោះទៅកាន់មាគ៌ាថ្មី”។


កាសែត People’s Daily ក៏មានអត្ថបទស្តីពីសមិទ្ធិផលរបស់ប្រទេសចិនក្រោមការដឹកនាំរបស់លោកស៊ីជីនពីងជាច្រើនឆ្នាំមកនេះ ចាប់ពីការកាត់បន្ថយភាពក្រីក្រការប្រឆាំងអំពើពុករលួយ ការការពារបរិស្ថានរហូតដល់ទំនើបកម្មយោធា។អត្ថបទជាង៧,០០០ពាក្យរៀបរាប់លម្អិតអំពីវិធានការដែលលោកស៊ីជីនពីងបានអនុវត្តដើម្បីពង្រឹងការដឹកនាំរបស់គណៈកម្មាធិការមជ្ឈិមបក្ស។កិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការមជ្ឈិមលើកទី៦គឺជាការចាប់ផ្តើមនៃចលនានយោបាយសំខាន់ៗរបស់ប្រទេសចិនឆ្ពោះទៅកាន់សមាជបក្សលើកទី២០ នៅរដូវស្លឹកឈើជ្រុះបន្ទាប់៕

យោងតាមSCMP, News.cn

Report Page