china

china

NGAUV BORINA


ការ​ឡើងកាន់​អំណាច​នៃ​បក្ស​កុម្មុយនិស្ត​ចិន ​ឆ្នាំ១៩៤៩...

ម៉ៅ សេទុង ក្នុងពេល​ប្រកាស​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ទីក្រុង​ប៉េកាំង នៅថ្ងៃ​ទី១ តុលា ឆ្នាំ​១៩៤៩

ការ​ឡើងកាន់​អំណាច​នៃ​បក្ស​កុម្មុយនិស្ត​ចិន ​ឆ្នាំ១៩៤៩

ជាផ្លូវការ រដ្ឋាភិបាល​គួមីនតាង​របស់​ចាង កាយចៀក និង​កងឧទ្ទាម​កុម្មុយនិស្ត​របស់​ម៉ៅ សេទុង គឺ​ជា​សម្ព័ន្ធមិត្ត​នឹង​គ្នា។ ក៏ប៉ុន្តែ សម្ព័ន្ធភាព​​នេះ​​ធ្វើឡើង​ដោយ​សារទេ​កាលៈទេសៈ​តម្រូវ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​ជប៉ុន​​តែ​ប៉ុណ្ណោះ ​ហើយ​វា​ក៏​ជា​សម្ព័ន្ធភាព​ដែល​មាន​តែ​ឈ្មោះ​ផងដែរ ដោយ​នៅ​ក្នុង​ភាព​ពិតជាក់ស្តែង រដ្ឋាភិបាល​ជាតិនិយម និង​ក្រុម​កុម្មុយនិស្ត គឺ​ជា​គូសត្រូវ​ស៊ីសាច់ហុតឈាម​នឹង​គ្នា។

នៅ​ក្នុងអំឡុង​សង្រ្គាម​លោកលើកទី២ បក្ស​កុម្មុយនិស្ត​ចិន​មាន​កងទ័ព​ប្រមាណ​ជា ១លាន​នាក់ និង​គ្រប់គ្រង​ដែនដី​ដែល​មាន​ប្រជាជន​ប្រមាណ​ជា ១០០លាននាក់។ បក្ស​កុម្មុយនិស្ត​ក្រោម​ការ​ដឹកនាំ​របស់​ម៉ៅសេទុង​ បាន​គ្រប់គ្រង​ដែនដី​របស់​ខ្លួន ដោយ​ប្រើ​វិធី​ក្តៅផង និង​ត្រជាក់ផង។ វិធី​ក្តៅ គឺតាមរយៈ​ការ​ដាក់ចេញ​នូវ​វិន័យ​យ៉ាងតឹងរ៉ឹង អមដោយ​ការ​ដាក់ទោស​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​អ្នក​ល្មើស​នឹង​វិន័យ។ ចំណែក​វិធី​ត្រជាក់ គឺ​ការ​អប់រំ បំពាក់បំប៉ន​មនោគមន៍​វិជ្ជា​ឲ្យ​ប្រជាជន​ចេះ​លះបង់​ផលប្រយោជន៍​ផ្ទាល់ខ្លួន ដើម្បី​បក្ស និង​រដ្ឋ។ វិធី​ដឹកនាំ​នេះ បូករួម​ជាមួយ​នឹង​ភាព​វ័យឆ្លាត​ខាង​យុទ្ធសាស្រ្ត​ទ័ព និង​នយោបាយ​របស់​ម៉ៅសេទុង ព្រមទាំង​ភាពប្តូរផ្តាច់​ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ការឈ្លានពាន​របស់​ជប៉ុន បាន​ធ្វើ​ឲ្យ​បក្ស​កុម្មុយនិស្ត​ចិន​ទទួល​បាន​នូវ​ការ​គាំទ្រ​ពី​ប្រជាជន ព្រមទាំងបាន​ទាក់ទាញ​យុវជន​ក្មេងៗ​​រាប់​ម៉ឺននាក់​ឲ្យ​ចូល​ជា​សមាជិក​បក្ស។

ក្រឡេក​ទៅមើល​កម្លាំង​ទ័ព​របស់​​ចាង កាយចៀក​វិញ ថ្វីដ្បិត​តែ​​ទទួល​បាន​ជំនួយ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ពី​សហរដ្ឋ​អាមេរិក និងមាន​ចំនួន​កងទ័ព​​ច្រើន ក៏ប៉ុន្តែ ច្រើន​តែ​ចំនួន​ ហើយ​ខ្វះ​គុណភាព។ មេដឹកនាំ​កងទ័ព​ត្រូវ​បាន​​​តែងតាំង​ឡើង​តែ​ទៅ​តាម​បក្សពួក ដោយ​មិនខ្វល់​ពី​សមត្ថភាព ហើយ​អំពើ​ពុករលួយ​បាន​កើតមាន​ឡើង​ពាសពេញ​ក្នុង​ជួរ​មេដឹកនាំ​កងទ័ព។ មេទ័ព​ភាគច្រើន​នាំគ្នា​បំប៉ោង​ចំនួន​កូនទាហាន ព្រមទាំង​កាត់យក​របប​របស់​កូនទាហាន​យក​ទៅ​លក់​នៅ​ក្នុង​ផ្សារ​ងងឹត ដោយ​ទុក​ឲ្យ​កងទ័ព​ដែល​នៅ​តាម​សមរភូមិ​ត្រូវ​​ខ្វះស្បៀង និងគ្រឿង​សព្វាវុធ ហើយ​ត្រូវ​បាត់បង់​ស្មារតី​ប្រយុទ្ធ។ ជាទូទៅ គេសង្កេតឃើញ​ថា ទាហាន​របស់​ចាង កាយចៀក ត្រូវ​ស្លាប់ និង​ធ្លាក់ចុះ​ទន់ខ្សោយ ដោយសារ​ការ​ខ្វះស្បៀង និង​ជំងឺ ជាជាង​ស្លាប់​ដោយ​ត្រូវ​គ្រាប់កាំភ្លើង​របស់​សត្រូវ។ សូម្បីតែ​មន្រ្តី​យោធា​ជាន់ខ្ពស់​​របស់​សហរដ្ឋ​អាមេរិក​​​ដែល​ជា​សម្ព័ន្ធមិត្ត ក៏​ធ្លាប់​បាន​រិះគន់​ ចាង កាយចៀក​ដែរ ថា ជា​មេដឹកនាំ​ដែល​គិតតែ​ពី​អំណាច​ផ្ទាល់​ខ្លួន និង​​ពី​ជម្លោះ​ជាមួយ​ពួក​កុម្មុយនិស្ត​ ច្រើន​ជាង​គិត​ពី​ការ​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ឈ្លានពាន​របស់​ជប៉ុន។

នៅ​ពេលនោះ សហរដ្ឋ​អាមេរិក ថ្វីដ្បិត​តែ​មិន​ចូលចិត្ត​ការដឹកនាំ​របស់​ចាង កាយចៀក ក៏ប៉ុន្តែ នៅតែ​សុខចិត្ត​ផ្តល់​ជំនួយ​យោធា​រាប់ពាន់លាន​ដុល្លារ​ដល់​រដ្ឋាភិបាល​គួមីនតាង ដើម្បី​ធ្វើ​យ៉ាងណា​ទប់ស្កាត់​កុំ​ឲ្យ​ចិន​ត្រូវ​ធ្លាក់​ក្រោម​ការ​គ្រប់គ្រង​របស់​បក្ស​កុម្មុយនិស្ត​ចិន ដែល​នៅពេលនោះ​ទទួល​បាន​ជំនួយ​ពី​​សហភាព​សូវៀត​។

បើ​គេ​ពិនិត្យ​មើល​ទៅលើ​តុល្យភាព​នៃ​កម្លាំង នៅ​ក្នុង​សង្រ្គាម​ស៊ីវិល​នេះ គេឃើញ​ថា កងទ័ព​របស់​រដ្ឋាភិបាល​គួមីនតាង មាន​ចំនួន​ច្រើន​ជាង​កងកម្លាំង​ឧទ្ទាម​កុម្មុយនិស្ត​ដល់​ទៅ​៤ដង (ទាហាន​រដ្ឋាភិបាល​មាន ៤លាននាក់ ចំណែក​កម្លាំង​ឧទ្ទាម​កុម្មុយនិស្ត​មាន​តែ ១លាននាក់) ហើយ​គ្រឿងសព្វាវុធ​របស់​កងទ័ព​រដ្ឋាភិបាល​ក៏​មាន​ច្រើន និង​ទំនើបជាង ដោយសារ​តែ​មាន​ជំនួយ​ពី​សហរដ្ឋ​អាមេរិក។

ក៏ប៉ុន្តែ បើទោះបីជា​យ៉ាងនេះ​ក៏ដោយ​កងទ័ព​របស់​ ​ចាង កាយចៀក ដែល​ខ្វះវិន័យ ហើយ​មេទ័ព​គ្មាន​សមត្ថភាព ត្រូវ​ទទួល​បរាជ័យ​ជា​បន្តបន្ទាប់​នៅ​ក្នុង​សមរភូមិ។ នៅ​ឆ្នាំ​១៩៤៨ កងកម្លាំង​របស់​ម៉ៅសេទុង​បាន​វាយដណ្តើម​កាន់កាប់​តំបន់​ម៉ាន់ជូរី ដោយ​បាន​ចាប់ខ្លួន​ទាហាន​​របស់​រដ្ឋាភិបាល​ប្រមាណ​ជា ៤០ម៉ឺននាក់ ដែល​សុទ្ធសឹង​ជា​ទាហាន​ឆ្នើម ប្រដាប់​ដោយ​គ្រឿង​សព្វាវុធ​ទំនើបៗ។ ប៉ុន្មាន​ខែ​ក្រោយ​មក​ទៀត កងទ័ព​រដ្ឋាភិបាល​មួយ​ក្រុម​ផ្សេងទៀត ដែល​មាន​គ្នា​ប្រមាណ​ ៤៦ម៉ឺននាក់ ត្រូវបាន​​ក្រុម​ឧទ្ទាម​កុម្មុយនិស្តធ្វើការ​ឡោមព័ទ្ធ​​ជុំជិត។ ដោយ​បារម្ភ​ខ្លាច​ទាហាន​ទាំងអស់​នេះ រួមទាំង​​គ្រឿង​សព្វាវុធ​ទំនើបៗ​របស់​ពួកគេ​ត្រូវ​ក្រុម​កុម្មុយនិស្ត​ចាប់បាន ដូចកាល​ពី​នៅ​ម៉ាន់ជូរី ចាង កាយចៀក ក៏​មាន​គម្រោង​ប្រើ​យន្តហោះ​ចម្បាំង​ ដើម្បី​ទម្លាក់​គ្រាប់បែក​​​កម្ទេច​ទីតាំង​ទ័ព​របស់​ខ្លួនឯង។ ដឹង​ពី​គម្រោង​នេះ កងទ័ព​ដែល​ស្ថិត​នៅ​ក្រោម​ការ​ឡោមព័ទ្ធ​ ក៏​សុខចិត្ត​ទម្លាក់​អាវុធ ហើយ​ចុះចូល​ជាមួយ​នឹង​ក្រុម​ឧទ្ទាម​កុម្មុយនិស្ត។

ចាប់តាំង​ពីពេលនោះ​មក តុល្យភាព​កម្លាំង​ទ័ព​​ក៏​ត្រូវ​ផ្អៀង​កាន់តែ​ខ្លាំង ទៅខាង​បក្ស​កុម្មុយនិស្ត​ចិន។ ក្នុងពេល​ជាមួយគ្នា​នោះ រដ្ឋាភិបាល​សាធារណរដ្ឋ​ចិន​របស់​ចាង កាយចៀក ក៏​ធ្លាក់​ចុះទន់ខ្សោយ​ខាង​ផ្នែក​នយោបាយ​យ៉ាង​ខ្លាំង​ផងដែរ ដោយ​បាត់បង់​នូវ​ការ​គាំទ្រ​ពី​សំណាក់​ប្រជាជន​ចិន​ទូទៅ។ ក្រៅពី​បញ្ហា​ពុករលួយ​ដែល​កើតមាន​ស៊ីរូង នៅ​គ្រប់​ជាន់ថ្នាក់ ក្នុង​ជួររដ្ឋាភិបាល ប្រជាប្រិយភាព​របស់​ចាង កាយចៀក ត្រូវ​ធ្លាក់​ចុះខ្លាំង ដោយមក​ពី​អសមត្ថភាព​ក្នុងការគ្រប់គ្រង​សេដ្ឋកិច្ច​ជាតិ ជាពិសេស គឺ​បញ្ហា​អតិផរណា។ ចាប់តាំង​ពី​ចប់​សង្រ្គាម​លោកលើកទី២ រហូតដល់​ពាក់កណ្តាល​ឆ្នាំ​១៩៤៨ តម្លៃ​ទំនិញ​សព្វសារពើ​មាន​ការ​កើនឡើង ១​គុណ​នឹង​៦៧។ ​គ្រាន់តែ​ក្នុងរយៈពេល​ ៦ខែ​ចុងក្រោយ​នៃ​ឆ្នាំ​១៩៤៨ តម្លៃ​ទំនិញ​បាន​កើនឡើង​រហូតដល់​ទៅ ៨ម៉ឺន៥ពាន់​ដង ហើយ​លុយ​ត្រូវ​ធ្លាក់ចុះ​ថោក​​ដូចក្រដាស។

នៅ​ខែ​មេសា ឆ្នាំ​១៩៤៩ កងទ័ព​ឧទ្ទាម​កុម្មុយនិស្ត​បាន​វាយចូល​កាន់កាប់​​ក្រុង​ណានជីង ដែល​ជា​រដ្ឋធានី​របស់​សាធារណរដ្ឋ​ចិន ហើយ​ចាង កាយចៀក និង​រដ្ឋាភិបាល​គួមីនតាង​ក៏​រត់ភៀសខ្លួន​ទៅ​តាំង​មូលដ្ឋាន​នៅ​ក្វាងទុង រួចហើយ​ទៅ​ស៊ីឈ័ន មុននឹង​រត់ភៀសខ្លួន​ទៅ​កាន់​កោះតៃវ៉ាន់ ដោយ​នាំទៅជាមួយ​នូវ​មន្រ្តី កងទ័ព ព្រមទាំង​សាច់ញាតិ​ប្រមាណ​ជា​ជិត​២លាននាក់។ ចិនដី​គោក​ទាំងមូល​ត្រូវ​ធ្លាក់​ក្រោម​ការ​គ្រប់គ្រង​របស់​បក្ស​កុម្មុយនិស្ត​ចិន ហើយ​នៅថ្ងៃ​ទី១ ខែតុលា ឆ្នាំ​១៩៤៩ ម៉ៅសេទុង​បាន​ប្រកាស​បង្កើត​សាធារណរដ្ឋ​ប្រជាមានិតចិន ដោយ​បាន​រើ​រដ្ឋធានី​ពី​ណានជីង ទៅ​តាំង​នៅ​ប៉េកាំង។

នៅ​ឯ​កោះតៃវ៉ាន់​ឯណោះវិញ ចាង កាយចៀក បាន​ប្រកាស​យក​ក្រុង​តៃប៉ិ​ជា​រដ្ឋធានី​បណ្តោះ​អាសន្ន​របស់​សាធារណរដ្ឋ​ចិន ហើយ​បន្ត​អះអាង​ថា រដ្ឋាភិបាល​របស់​លោក​ គឺ​ជា​រដ្ឋាភិបាល​ស្របច្បាប់​តែ​មួយ​គត់​របស់​​ប្រទេស​ចិន​ទាំងមូល .។

Report Page